
(ខេត្តព្រៃវែង)៖ ថ្ងៃពុធ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា (ក.ស.ក) បានបើកកិច្ចប្រជុំប្រចាំឆ្នាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យជាស៊ីម កំចាយមារ ខេត្តព្រៃវែង។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖
- ពិភាក្សាអំពីស្ថានភាពនៃការអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងកំឡុងពេលជំងឺកូវីដ១៩
- ពិភាក្សាអំពីវឌ្ឍនភាពស្តីពីការជ្រើសរើសនិងផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ
- ពិភាក្សាអំពីការបោះពុម្ពសៀវភៅសិក្សាក្រោមការផ្តល់ថវិកាពីមូលនិធិស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍(ស.គ.ន)សម្រាប់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិតឧត្តមសិក្សា
- ការចែករំលែកបទពិសោធន៍ ការរៀនបង្រៀនក្នុងបរិបទកូវីដ១៩
- ការជ្រើសរើសនិស្សិតចូលរៀនឆ្នាំសិក្សា២០២០-២០២១ក្នុងបរិបទកូវីដ១៩
- ពិភាក្សាពីការបង់វិភាគទានលើសមាជិកភាព ក.ស.ក
- សុំគោលការណ៍អញ្ជើញ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចូលជាសមាជិក ក.ស.ក
- បញ្ហាផ្សេងៗ
លទ្ធផលនៃកិច្ចប្រជុំ៖
- ក្នុងខែមករានេះ ក្រសួងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ប្រជុំវាយតម្លៃ ស្នើឈ្មោះបេក្ខជនដែលត្រូវទទួលឋានៈសាស្រ្តាចារ្យ។
- គឹតមកត្រឹមថ្ងៃទី២៣ ខែធ្នូនេះ មានគ្រឹះស្ថានសិក្សាចំនួន១២ហើយដែលបានស្នើសុំថវិកានិពន្ធ និងចងក្រងសៀវភៅ ដែលក្នុងនោះក្រសួងទទួលបានសំណើចំនួន៥៥៩ចំណងជើងសៀវភៅ។
- ចំពោះអាហារូបករណ៍របស់ក្រសួង (តាមរយៈនាយកដ្ឋានឧត្តមសិក្សាជ្រើសរើស) ប្រហែលជាមិនមានដូចឆ្នាំមុនៗទេ។ អង្គប្រជុំបានសម្រេចស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីដើម្បីឱ្យគ្រឹះស្ថាននីមួយៗជ្រើសរើសនិស្សិតអាហារូបករណ៍ និងប្រើប្រាស់នីតិវិធីជ្រើសរើសដោយខ្លួនឯង។
កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង ដប់ពីរ និង១៥ នាទី រសៀល នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕