ស្វាគមន៍ប្អូនៗសិស្សានុសិស្ស និស្សិតទាំងអស់ដែលមានបំណងចង់បន្តការសិក្សាលើមុខជំនេញបច្ចេកវិទ្យា និងកសិកម្មដើម្បីបង្កើនជាមុខរបរផ្ទាល់ខ្លួនឬទៅបម្រើការងារនៅតាមបណ្តាលរោងចក្រ សហគ្រាស និងកសិដ្ឋាននានាក្នុងប្រទេស និងក្នុងតំបន់។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ ព្រះអង្គម្ជាស់ក្សត្រិយ៍មហាចក្រីសិរិនថន ដើម្បីអភិវឌ្ឍធនធានមនុស្ស កម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

បេសកកម្មរបស់វិទ្យាស្ថានគឺបណ្តុះបណ្តាលធនធានមនុស្សប្រកបដោគុណភាព និងដើម្បីឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម និងទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ កម្មវិធីសិក្សារបស់វិទ្យាស្ថានផ្តោតជាអាទិភាពលើការអភិវឌ្ឍមូលដ្ឋានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនេញ ដោយផ្សារភ្ជាប់ការសិក្សាផ្នែកទ្រឹស្តីទៅនឹងការប្រតិបត្តិផ្ទាល់។ ក្នុងរយៈពេលដែលប្អូនៗសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ប្អូនៗមានឪកាស ទស្សនកិច្ចសិក្សា និងចុះកម្មសិក្សានៅបណ្តាលក្រុមហ៊ុន សហគ្រាស និង កសិដ្ឋាននៅក្នុងប្រទេសថៃ ជាពិសេសប្អូនៗនឹងអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំនានាក្នុងប្រទេសថៃក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ។

ផ្តើមចេញពីបេសកកម្មនេះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នឹងខិតខំបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនតាមឋានានុក្រម និងក្របខ័ណ្ឌនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺវត្តមានរបស់ប្អូនៗទាំងអស់គ្នា មករួមធ្វើជាកម្លាំងចលករជួយអោយបេសកកម្មយើងសម្រេចបានប្រកបដោយជោគជ័យ។

ក្រោមការអនុញ្ញាតរបស់ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនឹងផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ជូនប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់ការប្រឡងជ្រើសរើសអាហារូបករ​ណ៍ជារៀងរាល់ឆ្នាំសិក្សា។

រួមគ្នាដើម្បីកម្ពុជាមានធនធានមនុស្សប្រកបដោយគុណភាព!