សាវតារអំពីវិទ្យាស្ថាន


នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០១៤ឯកឧត្តមឧត្តមសេនីយឯក​ ប្រាយុទ្ធ ចាន់អូឆា(Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅ​ព្រះរាជាណាចក្រកម្ពុជា និងបានជួបសំណេះសំណាលព្រមទាំងបានប្រជុំពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័​យនេះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រក​ម្ពុជាបានសម្តែងការកោតសរសើរចំពោះព្រះគុណរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ដែលទ្រង់បានព្រះរាជទានវិទ្យាស្ថានបច្ចេកវិទ្យាថ្មីនៅខេត្តកោះកុងហើយនៅថ្ងៃអង្គារទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងឱកាសដែលព្រះអង្គម្ចាស់ក្សត្រីយ៍​មហាចក្រី សិរិនថនព្រះរាជទានអនុញ្ញាតដល់សិស្សនិស្សិតអាហារូបករណ៍ព្រះរាជទានប្រចាំឆ្នាំសិក្សា ២០១៤ ដែលជាសិស្សនិស្សិតក្រោមគម្រោងព្រះរាជទានជួយព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់នៅព្រះរាជដំណាក់ឌុស៊ីតដាល័យ​។បណ្ឌិត ហង់ ជួន​ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាបានចូលគាល់ថ្វាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគោរពយាងព្រះអង្គមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០១៥​ និងបានថ្វាយរបាយការណ៍ អំពីការបង្កើតសាលារៀនពីរប្រព័ន្ធមួយកន្លែងទៀតនៅខេត្តកោះកុង។ ព្រះអង្គម្ចាស់ក្ស​ត្រីយ៍មហាចក្រី សិរិនថន ទ្រង់មានព្រះរាជវិនិច្ឆ័យថាខេត្តកោះកុងមាន ព្រំប្រទល់ជាប់ប្រទេសថៃ ​ក្មេងៗដែលរស់នៅខេត្តកោះកុងអាចធ្វើដំណើរទៅរៀននៅប្រទេសថៃបាន ក្នុងន័យនេះរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានក្រាបបង្គំទូលសុំព្រះរាជទានកន្លែងសិក្សាថ្មីនៅខេត្តកំពង់ស្ពឺជំនួសវិញ ដោយសារកំពង់ស្ពឺជាខេត្តឧស្សាហកម្ម ដែលមានតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្ស ម្យ៉ាងវិញទៀតខេត្តនេះស្ថិតនៅក្បែររាជធានីភ្នំពេញស្រាប់។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (Kampong Speu Institute of Technology) អក្សរកាត់ជាភាសាខ្មែរ វ.ប.ក.ស. និងភាសាអង់គ្លេស K.S.I.T នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន​ និងកីឡា ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង(១២+២ ឬ ៩+៣+២)និងបរិញ្ញាបត្រ​(២+២)លើមុខជំនាញ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូនិច វិស្វកម្មមេកានិច វិស្វកម្មគីមីចំណីអាហារ វិទ្យាសាស្រ្តសត្វ វិទ្យាសាស្រ្តដំណាំ វិទ្យាសាស្រ្តជលផល វិទ្យាសាស្រ្តកុំព្យូទ័រ កុំព្យូទ័រធុរកិច្ច គ្រប់គ្រងទេសចរណ៍និងសណ្ឋាគារ គ្រប់គ្រងធុរកិច្ចគណនេយ្យ និងឡូជីស្ទីកហើយអាចបើកមុខជំនាញថ្មី​ ឬ កម្រិតបណ្តុះបណ្តាលបន្តបានតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ និងក្រសួងអប់រំ​​ យុវជននិងកីឡានៃព្រះរាជាណាច​ក្រកម្ពុជា ដោយបានដំណើរការអភិវឌ្ឍកម្មវិធីសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺឡើង ដើម្បីប្រើក្នុងការបង្រៀននិងរៀនថ្នាក់បរិញ្ញាបត្ររងដែលមានជំនាញមួយចំនួនមានដូចជា វិទ្យាសាស្រ្តដំណាំ វិទ្យាសាស្រ្តសត្វ វិទ្យាសាស្រ្តជលផល កុំព្យូទ័រធុរកិច្ច នឹងចាប់បើកបង្រៀននៅខែវិច្ឆិកា ឆ្នាំសិក្សា ២០១៧-២០១៨  ហើយសម្រាប់ជំនាញ បច្ចេកវិទ្យាអាហារ និងអគ្គិសនីឧស្សាហកម្ម នឹងចាប់បើកបង្រៀនក្នុងឆ្នាំសិក្សា ២០១៨-២០១៩ខាងមុខនេះ។