ពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ 23 Feb 2016


ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមានចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំនៃស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវតំណាងមកពីព្រះរាជាណាចក្រថៃ គណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូជាបុគ្គលិកអប់រំ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងពិធីនោះដែរ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន បានយាងដំាដើមលឿងរាជ តំណាងឲ្យប្រទេសថៃ និងសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញដាំដើមរំដួល ជាតំណាងឲ្យប្រទេសកម្ពុជា។ បន្ទាប់មក ព្រះអង្គម្ចាស់ក្សត្រិយ៍ និងសម្តេចតេជោនាយករដ្ឋមន្ត្រី បានយាងទត និងអញ្ជើញទស្សនាពិព័រណ៍រូបតំណាង និងរូបភាពសកម្មភាពសាងសង់វិទ្យាស្ថាន។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ ខាងមុខ ដោយផ្តល់សេវាអប់រំ និងបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិក វិស្វកម្មចំណីអាហារ វិទ្យាសាស្ត្រ សត្វ វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រកុំព្យូទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រង សណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រងធុរកិច្ច គណនេយ្យនិងភស្តុភារ។

សូមទស្សនាវីឌីអូបង្ហាញពី ពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ